(ព្រះវិហារ)៖ ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើន ជូនដល់កងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានមានប្រសាសន៍ថា ការចុះនាពេលនេះ គឺក្នុងគោលបំណងពាំនាំនូវការសួរសុខទុក្ខ និងទឹកចិត្តស្រឡាញ់ចេញពី «បេះដូងអ្នកខេត្តតាកែវ» តាមរយៈ មូលនិធិបេះដូងមហាគ្រួសារខ្មែរ ដើម្បីជួយសម្រួលដល់ការលំបាកប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិយ៉ាងស្វាហាប់។
លោក វ៉ី សំណាង បន្តថា «ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោធិបតី មានលោកទាំងពីរបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការការពារបូរណៈភាពទឹកដីពីចោរសៀមឈ្លានពាន»។
លោកបន្ថែមថា សូមគោរពដឹងគុណចំពោះវីរៈកងទ័ព កងនគរបាលទាំងអស់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិរបស់យើងផងដែរ៕












